Barcelona 0-0 Real Madrid៖ គ្រាប់បាល់របស់ Bale មិនយកជាការ ​ក្នុងការប្រកួត​ Clasico ដ៏​ក្ដៅ​គគុក

ក្នុងការប្រកួត Clasico ដ៏ស្វិតស្វាញ​នៅទឹកដី Camp Nou ទាំង Barcelona និង Real Madrid មិន​មាន​ក្លឹបណាមួយអាចបំបែក​ពងមាន់​បាននោះទេ។

គ្រាប់បាល់មួយគ្រាប់របស់ Bale ត្រូវបានបដិសេធ​ ញ៉ាំងឱ្យ​ការ​ប្រកួត​រវាង Barcelona និង Real Madrid ទទួល​បាន​លទ្ធផល​សូន្យស្មើ​កាលពីយប់មិញនេះ។


ក្លឹប​ទាំងពីរ​មានពិន្ទុស្មើគ្នា​ក្នុងរដូវកាលនេះ ហើយ​សុទ្ធ​តែបានឈ្នះ ៧២ប្រកួត​ដូចគ្នា​ បើគិត​ចាប់ពីពេល​ដែល​ពួកគេជួប​គ្នា​ពីការ​ប្រកួត​លីគ​លើក​មុន។

ការ​ប្រកួត​នេះ​ត្រូវបានលើក​ពេល​ពីខែតុលា ព្រោះបារម្ភ​ពីបញ្ហា​សន្តិសុខដែលអាចកើតមានឡើង​ពី​ការតវ៉ា​ដណ្ដើម​ឯករាជ្យ​របស់តំបន់​កាតាឡង់។

បើនិយាយពីសកម្មភាពនៅលើទីលានប្រកួតវិញ គ្រាប់បាល់របស់ Bale ក្នុងតង់ទី២ត្រូវបានបដិសេធ​ដោយសារ​ offside បានបញ្ជាក់ពីភាពតានតឹង​ដែល​ក្រុមទាំងពីរព្យាយាម​ទម្លុះ​របាំងការពាររៀងៗខ្លួន​ដើម្បីរក​គ្រាប់បាល់។

ក្លឹប Real Madrid គ្រប់គ្រងស្ថានការណ៍ចាប់ផ្ដើម​បានល្អ ហើយ​ត្រូវអរគុណ​ដល់​​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​​របស់​ Pique ទើបអាចការពារបានគ្រាប់បាល់តែត​របស់ Casemiro។ ការព្យាយាម​ម្ដងទៀតរបស់ Casemiro ត្រូវ ter Stegen សង្គ្រោះបានសម្រេច។

អ្នកចាំទី Thibaut Courtois មិនសូវមមាញឹក​ប៉ុន្មានទេ រហូតដល់​ផុតកន្លះម៉ោង ទើប​រូបគេ និង Ramos ចាប់ផ្ដើម​រវល់​ការពារគ្រាប់បាល់​របស់ Alba និងការព្យាយាមរបស់ Messi។

ក្នុងតង់ទី២ គ្រាប់បាល់របស់ Bale បានប៉ះសំណាញ់ទីរបស់ Barcelona ប៉ុន្តែ​ក្រោយ​ពី​អបអរ​មិន​បាន​ប៉ុន្មាន​ផង គ្រាប់បាល់នោះត្រូវបានច្រានចោល​ដោយ​ប្រព័ន្ធវីដេអូ VAR ដោយសារ​ស្ថានភាព offside របស់កីឡាករ Ferland Mendy។

Messi មាន​ឱកាស​ចូលទៅក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែមិនអាចធ្វើបានសម្រេចនោះទេ។

គួររម្លឹកផងដែរថា នេះ​ជាការប្រកួត​ Clasico លើកដំបូង​ដែលទទួល​បានលទ្ធផលសូន្យស្មើ បើ​គិត​ចាប់​ពី​ឆ្នាំ២០០២ មក។

មុនការសម្រាកពាក់កណ្ដាលរដូវកាល ក្លឹប Barcelona នឹងត្រូវបើក​ទ្វារទទួល​ក្រុម Deportivo Alaves នៅថ្ងៃសៅរ៍ ហើយ Real Madrid នឹងស្វាគមន៍ Athletic Bilbao នៅថ្ងៃអាទិត្យ។

ក្រុមទាំងពីរកំពុង​មាន ៣៦ពិន្ទុស្មើគ្នា​លើកំពូលតារាង​លីគកំពូលអេស្ប៉ាញ ហើយបើតាម​ទម្រង់លេង​របស់​ក្រុម​ទាំង​ពីរ​ ការប្រជែង​ដណ្ដើម​តំណែងជើង​ឯក​លីគ​កំពូលអេស្ប៉ាញ នឹង​នៅតែបន្ត​តឹងតែងដដែល​ក្នុង​ឆ្នាំ២០២០ ដែលនឹង​ឈានចូលមកដល់​ក្នុងពេលឆាប់ៗនេះ៕