លោក Sarri ថា​បរាជ័យ​របស់ Juventus មិន​មែនជាកំហុស​របស់ Ronaldo, Dybala និង Higuain នោះទេ

លោក Sarri បាន​និយាយ​ថា បរាជ័យ​របស់​ក្លឹប​ Juventus ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ Supercoppa Italiana មិន​មែន​ជាកំហុស​របស់ Ronaldo, Dybala និង Higuain នោះទេ។

លោក Sarri និយាយថា Juventus ខ្វះថាមពល​ ក្នុងការ​ប្រកួត​ដែល​ពួកគេ​ចាញ់ Lazio ៣ទល់​នឹង​១ ប៉ុន្តែ​មិន​មែនជាកំហុស​របស់​ខ្សែប្រយុទ្ធ​ទាំង​ ៣រូប​របស់​លោក​នោះទេ។


នេះ​ជាលើក​ទី២ ហើយ​នៅ​ក្នុ​ងខែ​តែមួយ​ដែល​ Juventus ប្រកួត​ចាញ់ក្លឹប Lazio ធ្វើឱ្យ​ពួកគេ​បាត់​បង់​ឱកាស​ការពារ​តំណែងជើង​ឯក​ពាន​រង្វាន់​ Supercoppa ដោយសារ​គ្រាប់​បាល់​របស់​កីឡាករ Senad Lulic។

លោក​ Sarri បាន​និយាយ​នៅ​ក្នុ​ងសន្និសីទ​សារព័ត៌​មានថា៖ “យើង​ចូលរួម​ការប្រកួត​នេះ​ដោយ​ខ្វះ​ថាមពល​ទាំងផ្លូវកាយ និង​ផ្លូវចិត្ត។ ទន្ទឹមនឹងនេះ Lazio លេង​បានល្អណាស់”។

“យើង​សោកស្ដាយ​ដែល​មិនអាចឈ្នះពានរង្វាន់​មួយនេះ ប៉ុន្តែ​យើង​នៅសល់​ការប្រកួត​ជាច្រើន​នៅ​ក្នុងអំឡុង​ ៥ខែបន្ទាប់ទៀត។ មានការមិនសប្បាយចិត្តជាច្រើន ប៉ុន្តែ​ទោះ​បី​ជា​ស្រក់​ទឹក​ភ្នែក​ច្រើន​យ៉ាង​ណា​​ក៏​មិនអាច​ដោះស្រាយបញ្ហា​នេះ​បានដែរ”។

“យើង​មិនមែនចាញ់​ដោយសារ​ខ្សែប្រយុទ្ធទាំង ៣រូប​នោះទេ ព្រោះ​គ្រាប់ទី២ និងទី៣ កើត​ឡើង​ក្រោយ​ពេល​ដែល​ខ្ញុំ​ប្ដូរ​ខ្សែបម្រើ Ramsey ចូលជំនួស​ Higuain”៕